ធីភីស៊ីភីហ្សា-TPC Pizza និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ៖ កើតចេញពីជំនឿចិត្តតែមួយ

នៅពេលដែល ធីភីស៊ីភីហ្សា-TPC Pizza ត្រូវបានបង្កើតឡើង អ្វីដែលក្រុមការងារបានធ្វើមុនគេបង្អស់ គឺធ្វើការសហការជាមួយអង្គការ ISF Cambodia ពីព្រោះ អង្គការ តែងតែផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញស្វែងរកប្រាក់ចំណូលដល់អាណាព្យាបាលសិស្សនៅក្នុងសហគមន៍ខ្វះខាត។ ស្របពេលជាមួយគ្នានោះ ធីភីស៊ីភីហ្សា-TPC Pizza ក៏ត្រូវការកាត់ឯកសណ្ឋានសម្រាប់ក្រុមការងារថ្មីរបស់ខ្លួនផងដែរ។ ចំណុចនេះហើយដែលធ្វើឱ្យស្ថាប័នទាំងពីរបានជួបគ្នា និងបង្កើតបានជាកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យមួយឡើង។

នៅថ្ងៃទី៥ ខែមិថុនា ក្រុមការងារ ធីភីស៊ីភីហ្សា-TPC Pizza បានត្រឡប់មកវិញម្តងទៀត ជាមួយភីហ្សាចំនួន ១០០ប្រអប់ និងការចំណាយពេលវេលាដ៏មានតម្លៃជាមួយកុមារចំនួន ២០០នាក់។ ដំណើរទស្សនៈកិច្ចនេះបាននាំក្រុមការងារ ធីភីស៊ីភីហ្សា-TPC Pizza មកកាន់សហគមន៍របស់អង្គការ ISF Cambodia ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះកុមារមានអាយុចាប់ពី ៨ ដល់ ១២ឆ្នាំ បានចូលរួមទទួលទានអាហាររួមគ្នា លេងល្បែងកម្សាន្ត និងបង្កើតបរិយាកាសពោរពេញដោយស្នាមញញឹម។ លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិនៃអង្គការ ISF Cambodia បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារ ធីភីស៊ីភីហ្សា-TPC Pizza ដែលជាផ្នែកមួយនៃការអបអរសាទរខួប ២០ឆ្នាំរបស់អង្គការ ISF Cambodia ផងដែរ ព្រោះអង្គការបានចំណាយពេល២ទសវត្សរ៍មកហើយដើម្បីផ្តល់ឱកាសដល់កុមារស្មើៗគ្នានៅក្នុងសហគមន៍ដែលខ្វះខាតនៅកម្ពុជា។

សម្រាប់ ធីភីស៊ីភីហ្សា– The Pizza Cambodia សកម្មភាពនាព្រឹកនេះ គ្រាន់តែជាការចាប់ផ្តើមនៃយុទ្ធនាការមនុស្សធម៌ក្រោមប្រធានបទ ភីហ្សាមួយចំណិត ក្តីសង្ឃឹមមួយជំហាន សម្រាប់សហគមន៍កាន់តែប្រសើរ(Bringing communities together, one slice at a time) ។ ក្រុមហ៊ុននឹងនាំយកស្មារតីនៃការចែករំលែកដូចគ្នានេះ ដើម្បីភ្ជាប់ទំនាក់ទំនងសហគមន៍ឱ្យកាន់តែជិតស្និទ្ធ ព្រោះវាមិនមែនគ្រាន់តែជាគម្រោងឬផែនការនោះទេ ប៉ុន្តែវាជាការអនុវត្តជាក់ស្តែងរបស់ក្រុមហ៊ុន។

